នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ថែ្លងប្រាប់សារព័ត៌មានថ្មីៗ។ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាននិយាយថា គណបក្សលោកគោរពតាមគោលការណ៍នីតិរដ្ឋ ដូច្នេះគ្មានអ្វីដែលត្រូវបដិសេធចំពោះកៅអីរបស់អតីតគណបក្សសង្គ្រោះជាតិនោះទេ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ដូច្នេះថា៖«យើងបានបញ្ជូនបញ្ជីឈ្មោះ ទៅ គ.ជ.ប ហើយបានរៀបចំរដ្ឋបាលក្នុងបក្សរួចហើយ។ ប៉ុន្តែយើងមិនទាន់ដឹងថា អាចទទួលបានកៅអីរដ្ឋសភាបានប៉ុន្មានទេ ដោយអាស្រ័យលើការបែងចែករបស់គជប»។ បើតាមលោក ញ៉េប ប៊ុនជិន សម្ដេចនរោត្តម រណឫទ្ធិ ប្រធានគណបក្ស ក៏ទទួលយកតំណែងតំណាងរាស្ត្រ ជាមួយសមាជិកបក្សខ្លួនផងដែរ។ នៅពេលសួរថា តើសម្ដេចក្រុមព្រះ នឹងអាចទទួលបានតំណែងអ្វីលើពីកៅអីតំណាងរាស្ត្រ ដែលបានមកពីការបែងចែករបស់គជប នាពេលខាងមុខនោះទេ? លោក ញ៉េប ប៊ុនជិន បានឆ្លើយតបយ៉ាងដូច្នេះថា៖«យើងបានទទួលលិខិតពីគជប ក្នុងការរៀបចំអ្នកទទួលបានកៅអីរដ្ឋសភា ដូច្នេះយើងគ្រាន់តែបានបញ្ជូនលិខិតឆ្លើយតបទៅគជប។ ហើយយើងក៏មិនទាន់បានដឹង ឬមានការជជែកណាមួយ លើតួនាទីអ្វីផ្សេងទៀតដែរ»។ លោក ហង្ស ពុទ្ធា មិនទាន់អាចបញ្ជាក់បាននោះទេថា គណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវទទួលបានតំណែងជាតំណាងរាស្ត្រនិងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួនប៉ុន្មាន ពីរបស់គ.ជ.ប។
លោក បន្តថា លទ្ធផលនេះ នឹងបង្ហាញ នៅពេលគ.ជ.ប ចាប់ផ្តើមបែងចែកជាក់ស្តែង។ លោក ហង្ស ពុទ្ធា បន្ថែមថា ក្រៅពីគណបក្សហ្វ៊ុនស៊ិនប៉ិច គ.ជ.ប មិនទាន់ទទួលបានលិខិតឆ្លើយតបពីគណបក្សដទៃនោះទេ។ ចំពោះគណបក្សសញ្ជាតិកម្ពុជា ធ្លាប់ប្រកាសតាមបណ្តាចសារព័ត៌មានកន្លងមកថា នឹងមិនបដិសេធឡើយ ប្រសិនបើគ.ជ.ប បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យខ្លួន តាមច្បាប់។ រីឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់លិខិតទៅកាន់គ.ជ.ប តែម្តង ដោយប្រកាសបដិសេធក្នុងការទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ។ នៅថ្ងៃទី១៨ វិច្ឆិកា គ.ជ.ប ផ្ញើលិខិតទៅកាន់គណបក្សចំនួន៦ ដែលត្រូវទទួលអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យសុំព័ត៌មានខ្លះៗ។ គណបក្សទាំង៦នោះ រួមមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕
ប្រភព៖ thmeythmey.com
No comments:
Post a Comment